គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ម្សៅប្រហុកម៉ាក Kirum : គោលដៅប្រទេសអឺរ៉ុប

កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / ម្ហូបអាហារ / Author : ATH Sokren

ដោយមានជំនួយបច្ចេកទេសរបស់គម្រោង CAPFISH-Capture  បង្កើតឡើងដោយអង្គការ UNIDO ដែលក្រុមហ៊ុនខនហ្វីរេលក៏ទទួលបានជំនួយនេះដើម្បីផលិតម្សៅប្រហុកម៉ាក Kirum ជាពិសេសសម្រាប់ទីផ្សារអឺរ៉ុបផងនោះ រដ្ឋបាលជលផលកម្ពុជាបានបង្កើតប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងការត្រួតពិនិត្យជាផ្លូវការសម្រាប់វិស័យនេសាទ ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។​ ប្រព័ន្ធនេះបង្កើតឡើងដើម្បីចុះឈ្មោះប្រទេសកម្ពុជាក្នុងបញ្ជីនាំចេញត្រី និងផលិតផលកែច្នៃចេញពីត្រីទៅកាន់សហភាពអឺរ៉ុប។

ដើម្បីអាចសម្រេចបាន ប្រទេសកម្ពុជាបានដាក់ពាក្យស្នើសុំជាផ្លូវការទៅកាន់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារនៃសហគមន៍អឺរ៉ុប។ នៅក្នុងពាក្យស្នើសុំនោះក៏មានរួមបញ្ចូលទាំងការសុំធ្វើសវនកម្មដើម្បីវាយតម្លៃទៅលើការអនុលោមតាមប្រព័ន្ធត្រួតពិនិត្យជាផ្លូវការ និងកម្មវិធីត្រួតពិនិត្យកាកសំណល់ជាតិគីមីនៅក្នុងវិស័យវារីវប្បកម្មផងដែរ។

មុននឹងការធ្វើសវនកម្មចុងក្រោយមកដល់ កម្ពុជាបានស្នើសុំសវនករអន្តរជាតិដែលជាភាគីទីបីឱ្យមកចុះធ្វើសវនកម្មមិនផ្លូវការជាមុនសិន។ សវនកម្មតេស្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ មីនា​ នៅក្រុមហ៊ុនខនហ្វីរេល។ ធ្វើដូចនេះគឺដើម្បីទទួលបានអនុសាសន៍ជាច្រើនមុននឹងសវនកម្មជាផ្លូវការមកដល់ ដើម្បីអាចធានាបានការអនុលោមទាំងស្រុងតាមតម្រូវការទីផ្សារអឺរ៉ុប។

ក្នុងចំណោមអនុសាសន៍ទាំងអស់នោះ មានអនុសាសន៍ទាក់ទងនឹងការបង្កើតប្រព័ន្ធត្រួតពិនិត្យជាប្រចាំ ដើម្បីធានាឱ្យបានការអនុលោមជាអចិន្រ្តៃយ៍ អនុសាសន៍ទាក់ទងនឹងការជ្រើសរើសអ្នកផ្គត់ផ្គង់ប្រហុកឆៅតែមួយគត់ដើម្បីជួយសម្រួលដល់ការងារតាមដានប្រភពនៃវត្ថុធាតុដើម មានអនុសាសន៍ទាក់ទងនឹងការបន្ថែមព័ត៌មាននៅលើស្លាកបិទលើផលិតផល និងការវិភាគមីក្រូជីវសាស្រ្តបន្ថែមទៀត។

ការគោរពតាមអនុសាសន៍ទាំងអស់នេះគឺជាសក្ខីភាពមួយបញ្ជាក់ពីកិច្ចសន្យារបស់ក្រុមហ៊ុនខនហ្វីរេលដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងតឹងរឹងនៃទីផ្សារអឺរ៉ុប ជាពិសេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ។ ជាទូទៅ ការចុះឈ្មោះក្នុងបញ្ជីនាំចេញជាផ្លូវការនេះនឹងបើកឱកាសសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យជលផលនៅកម្ពុជា៕